ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បញ្ជាក់ថា លោក ត្រាំ កំពុងទុកពេលវេលា សម្រាប់កិច្ចចរចាជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) បានថ្លែងនៅថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដើម្បីទុកលំហពេលវេលាបន្ថែមទៀតសម្រាប់មធ្យោបាយការទូត។

លោក ម៉ៃ វ៉ាល់ត៍ (Mike Waltz) បានប្រាប់កម្មវិធី "Fox News Sunday" ថា «គាត់ (លោក ត្រាំ) កំពុងទុកពេលវេលា និងលំហខ្លះៗសម្រាប់ការពិភាក្សាចរចា»។ ទោះបីជាលោក វ៉ាល់ត៍ មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចានេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ ពិតជាមានភាពស្ងប់ស្ងាត់មែននៅចុងសប្តាហ៍នេះ។ មន្ទីរបញ្ចកោណ បានផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែក បន្ទាប់ពីការវាយប្រហារយ៉ាងសាហាវ រយៈពេល ១៣យប់ជាប់ៗគ្នា ខណៈដែលអ៊ីរ៉ង់ក៏មិនមានសកម្មភាពវាយប្រហារលើប្រទេសជិតខាងណាមួយឡើយកាលពីចុងសប្តាហ៍។

ឆ្លើយតបនឹងសំណួរជុំវិញការផ្អាកនេះ មន្ត្រីជាន់ខ្ពស់សេតវិមានបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា «ប្រធានាធិបតីតែងតែបញ្ជាក់យ៉ាងច្បាស់ថា ជម្រើសអាទិភាពរបស់លោកគឺការទូត។ ប៉ុន្តែលោកក៏បានបង្ហាញឱ្យអ៊ីរ៉ង់ឃើញច្បាស់រួចហើយដែរថា តើនឹងមានអ្វីកើតឡើង ប្រសិនបើពួកគេមិនព្រមចូលតុចរចាដោយស្មោះត្រង់នោះទេ»៕ (Reuters)



 

Powered by Blogger.