រដ្ឋមន្រ្តី ហេង សួរ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន MinebeaMitsumi រយៈពេល ១៥ឆ្នាំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ក៏ដូចជាពិភាក្សាពីការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. នៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦ នេះ។
នាឱកាសនោះ
ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក កៃនុម៉ា និងសហការី
ព្រមទាំងបានថ្លែងអំណរគុណចំពោះការធ្វើបច្ចុប្បន្នភាពពីប្រតិបត្តិការរបស់ក្រុមហ៊ុន
ការអភិវឌ្ឍធនធានមនុស្ស និងផែនការពង្រីកការវិនិយោគនាពេលអនាគតនៅកម្ពុជា។
ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបាន
ហើយបានអបអរសាទរដល់ក្រុមហ៊ុន Minebea ក្នុងឱកាសខួបលើកទី១៥
នៃប្រតិបត្តិការនៅកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តវិនិយោគរបស់ក្រុមហ៊ុន MinebeaMitsumi គឺឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ខ្លួនចំពោះស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច
បរិយាកាសវិនិយោគ និងកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា។
ជាមួយនឹងការកោតសរសើរក្រុមហ៊ុន
MinebeaMitsumi
ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម
ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការជំរុញការនាំចេញ ការបង្កើតការងារ
និងការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ២០១១មក, ឯកឧត្ដមបានស្វាគមន៍ការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនទៅកាន់ខេត្តពោធិ៍សាត់
ដែលបង្កើតឱកាសការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច
និងឧស្សាហកម្មនៅមូលដ្ឋាន។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការទាក់ទាញឧស្សាហកម្ម
និងអ្នកផ្គត់ផ្គង់មកវិនិយោគនៅកម្ពុជា
ជាពិសេសការទាក់ទាញអ្នកផ្គត់ផ្គង់ពីបរទេសមកកម្ពុជា
ដែលជួយពង្រឹងការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក ខ្សែច្រវាក់ផ្គត់ផ្គង់
និងការផ្ទេរបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ក្រុមហ៊ុនជាមួយគ្រឹះស្ថាន
TVET ដែលផ្តល់ឱកាសបណ្តុះបណ្តាលជាក់ស្តែង កម្មសិក្សា ឱកាសការងារ
និងការសិក្សាពីបច្ចេកវិទ្យាឧស្សាហកម្មទំនើប
និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្រឹះស្ថាន TVET ដែលរួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ជាដើម។
ឯកឧត្តមបានជម្រាបជូនពីការផ្តល់ការបណ្តុះបណ្តាលបង្កើនជំនាញ
និងរៀនជំនាញថ្មីក្រោមកម្មវិធី ១,៥ លាន សម្រាប់យុវជន
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យា។
ទន្ទឹមនេះ
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការដាក់ឱ្យអនុវត្ត «គន្លងវិជ្ជាជីវៈ»
នៅក្នុងគន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍធនធានមនុស្ស
និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឧស្សាហកម្ម ជាពិសេសលើវិស័យអេឡិចត្រូនិក អគ្គិសនី
និងយានយន្ត
ដើម្បីបង្កើតប្រភពកម្លាំងពលកម្មជំនាញក្នុងស្រុកប្រកបដោយចីរភាពសម្រាប់វិស័យឯកជន។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង Minebea និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការផ្គូផ្គងការងារ
និងជ្រើសរើសបុគ្គលិក ដែលរួមទាំងអតីតពលករមកពីប្រទេសថៃផងដែរ។
ឯកឧត្តម ហេង សួរ
បានបញ្ជាក់នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រសួងក្នុងការគាំទ្រវិនិយោគិនដែលមានទំនួលខុសត្រូវ
ដែលបង្កើតការងារសមរម្យ អភិវឌ្ឍជំនាញរបស់ប្រជាពលរដ្ឋ
លើកកម្ពស់ទំនាក់ទំនងវិជ្ជមានក្នុងវិស័យឧស្សាហកម្ម
និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមជឿជាក់ថា
កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តរីកចម្រើន
ជាពិសេសលើការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ការបង្កើតការងារ និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ហើយជោគជ័យរបស់ក្រុមហ៊ុន
ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។
ជាការឆ្លើយតប
លោក កៃនុម៉ា
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផលិតភាព
ក៏ដូចជាការគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា
រហូតទទួលបានសមិទ្ធផលជាទីមោទនៈនេះ។ លោកថ្លែងថា ឯកឧត្តមរដ្ឋមន្រ្តី
និងថ្នាក់ដឹកនាំរបស់ក្រសួងតែងផ្តល់ដំណោះស្រាយនៅពេលដែលក្រុមហ៊ុនមានបញ្ហាប្រឈម
ជាពិសេសក្នុងដំណាក់កាលដំបូងនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែក្រោយមក
កម្លាំងពលកម្មកម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស
ហើយក្រុមហ៊ុនក៏បានពង្រីកខ្លួនរហូតបង្កើតរោងចក្រទី២
និងក៏គ្រោងសាងសង់រោងចក្របន្ថែមផងដែរ។ ជាមួយនឹងការកត់សម្គាល់ពីការអភិវឌ្ឍនៅកម្ពុជា
ក្រុមហ៊ុននៅតែជឿជាក់លើបរិយាកាស
និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជាដែលក៏ជួយទាក់ទាញអ្នកវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជាផងដែរ៕



Post a Comment