ធនាគារជាតិនៃកម្ពុជា៖ ឥណទានមិនដំណើរការសុទ្ធមានកម្រិតទាបត្រឹម ៣.៣%ប៉ុណ្ណោះ
ភ្នំពេញ៖ តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ ឥណទានមិនដំណើរការ សុទ្ធមានកម្រិតទាបត្រឹម ៣.៣% ប៉ុណ្ណោះ ដែលកត្តាទាំងនេះបានបង្ហាញពីលទ្ធភាពគ្រប់គ្រាន់ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការស្រូបយកការខាតបង់ជាយថាហេតុ។
នេះបើយោងតាមរបាយការណ៍
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆមាសទី១
និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយរៀបចំឡើង
ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដឹងថា
ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការត្រួតពិនិត្យ ក៏ដូចជាការដាក់ចេញ
បទប្បញ្ញតិបុរេសកម្ម ផ្អែកលើហានិភ័យ និងទស្សនអនាគត
ដោយថ្លឹងថ្លែងពីហានិភ័យជាប្រព័ន្ធ និងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។
លោកជំទាវបណ្ឌិតបានបញ្ជាក់បន្ថែមថា «ចំពោះការគ្រប់គ្រងលើការកើនឡើងនូវឥណទានមិនដំណើរការ
ប្រព័ន្ធធនាគារបានបង្កើន ការធ្វើសំវិធានធន ដែលរក្សាឱ្យអនុបាតឥណទាន
មិនដំណើរការសុទ្ធមានកម្រិតទាបត្រឹម ៣.៣% ប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពគ្រប់គ្រាន់
របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការស្រូបយកការខាតបង់ជាយថាហេតុ»។
លោកជំទាវបណ្ឌិតបានបញ្ជាក់បន្ថែមថា គួររំលេចថា
ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យមកលើប្រព័ន្ធធនាគារ ក៏ទាមទារចាំបាច់
នូវកិច្ចសហការរបស់ភាគីពាក់ព័ន្ធផងដែរ។ ក្នុងនោះគោលនយោបាយជាអាទិភាពមួយទៀត
គឺការបន្តធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមាពី
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលបាននិងកំពុងជំរុញ
សកម្មភាពសេដ្ឋកិច្ចអោយដំណើរការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព
និងសមាហរណកម្មខ្ពស់ទៅក្នុងតំបន់និងពិភពលោក
ព្រមទាំងបង្កើនជម្រើសនៃការប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរជាតិ។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា លើសពីនេះ
ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា បានរួមចំណែកលើកកម្ពស់
ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការប្រើប្រាស់ប្រាក់រៀល
និងគាំទ្រដល់ក្របខណ្ឌគោល-នយោបាយអភិវឌ្ឍសេដ្ឋកិច្ច
និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ ជោគជ័យនៃការអភិវឌ្ឍប្រព័ន្ធទូទាត់
គឺជាមោទនភាពមួយ សម្រាប់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាកម្ពុជាផងដែរ ដោយសារ
ការទទួលស្គាល់ជាអន្តរជាតិ និងមានប្រទេសកាន់តែច្រើនមកសិក្សាយកបទពិសោធពីកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា ជាមួយនឹងកំណើនបរិយាបន្នហិរញ្ញវត្ថុដែលសម្រេចបានជាលំដាប់ ដោយបានពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលមានភាពចាំបាច់ណាស់ និងត្រូវបានធ្វើឡើងជាប្រចាំ តាមរយៈកម្មវិធីសិក្សាអប់រំទូទៅដែលបាននឹងកំពុងពង្រីកជាលំដាប់ សិក្ខាសាលា និងយុទ្ធនាការផ្សេងៗនៅតាមរាជធានី-ខេត្ត និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន បង្កើនការយល់ដឹង និងបែងចែករវាងសេវាហិរញ្ញវត្ថុផ្លូវការ និងក្រៅផ្លូវការ ជាពិសេសសេវាខុសច្បាប់ និងសកម្មភាពឆបោកនានា។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកទាំងអស់ ដែលបានរួមចំណែកសម្រេចបានលទ្ធផលល្អជាបន្តបន្ទាប់៕





















Post a Comment