អាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៨៧នាក់
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដើម្បីបំបែកសំណុំរឿងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨៧នាក់ និងដកហូតគ្រឿងញៀនជាង ១គីឡូក្រាម។
ប្រតិបត្តិការនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៧
ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣
ក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកជាតំបន់ក្រហម។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍
សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង
ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក
វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាលទ្ធផល កម្លាំងជំនាញបានបង្ក្រាប
និងឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួកជាបន្តបន្ទាប់ចំនួន ៨៧នាក់
ក្នុងនោះមានស្ត្រី ៩នាក់ ព្រមទាំងដកហូតវត្ថុតាងជាគ្រឿងញៀនជាង ១គីឡូក្រាម។
មិនត្រឹមតែប៉ុណ្ណោះ
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ
ក៏បានពន្លាតដែនដីសមត្ថកិច្ចទៅដល់ខេត្តកំពង់ស្ពឺ និងបន្តទៅដល់រាជធានីភ្នំពេញ
ឈានដល់ការឃាត់ខ្លួនមេក្លោងគ្រឿងញៀនដ៏ធំបានម្នាក់ថែមទៀត ភេទស្រី
និងដកហូតវត្ថុតាងមួយចំនួន។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំងអស់ រួមជាមួយសំណុំរឿង
និងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នេះជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងអាវុធហត្ថក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន
ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕











Post a Comment