ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា បានជំរុញការ​វាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ឯកឧត្តម គួច ចំរើន អភិ​បាល​ខេត្តកណ្តាល បានឱ្យដឹងថា ស្រុកខ្សាច់កណ្តាលដែលរៀបចំពិធីប្រគល់​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃនេះ គឺជាស្រុកចុងក្រោយ និងជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងដែរថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្ត​កណ្តាល បានចាប់​ផ្តើមពីឆ្នាំ២០០២ ហើយបច្ចុប្បន្នខេត្តបានរៀបចំក្រុម​ការ​ងារ​ចំនួន ១១ក្រុម ដែលមានសមាជិកសរុប ១ ១៨៧នាក់ ដើម្បីសម្រេច​កិច្ច​ការចុះបញ្ជីដីធ្លីជាប្រព័ន្ធតាមអភិក្រម «ចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និង​បរិយាកាសគ្មានវិវាទ»។

ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ខេត្តកណ្តាលដែលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ និង ១ ០១០ភូមិ មានក្បាលដីប៉ាន់ស្មានសរុប ៨៦៦ ៧០០ ក្បាលដី។ គិតចាប់ពីពេលអនុវត្ត រហូតដល់ត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៦ គឺបានវាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យបាន ១០០ភាគរយ។

ក្នុងចំណោមក្បាលដីទាំងនោះ ចេញបណ្ណកម្មសិទ្ធិសរុប ៧៨៥ ៦៣៦បណ្ណ (ស្មើនឹង ៩០,៦៥%) ចែកដល់ដៃប្រជាពលរដ្ឋបានចំនួន ៥២២ ៥៥៨បណ្ណ (ស្មើនឹង ៦៦,៥១%), បណ្ណនៅសល់ចំនួន ២៦៣ ០៧៨បណ្ណ (ស្មើនឹង ៣៣,៤៩ភាគរយ។ ក្នុងចំណោមបណ្ណនៅសល់នេះ មានបណ្ណ ១៣១ ៣៤៣បណ្ណ កំពុងបន្តចែក និងបណ្ណ ១៣១ ៧៣៥បណ្ណ ជាប់ពន្ធ៤ភាគរយ៕



 

 

Powered by Blogger.