ពន្ធនាគារខេត្តបន្ទាយមានជ័យ ប្រកាសបន្ធូរបន្ថយ​ទោសទណ្ឌិតចំនួន១៥នាក់ ក្នុងឱកាសទិវាជ័យជម្នះ៧ មករា ឆ្នាំ២០២៥

អត្ថបទ៖ ម៉ា សុភាព

ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយ​ទោស ដល់ទណ្ឌិតចំនួន ១៥នាក់/ ស្រ្តី២នាក់ ក្នុងនោះបន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ ស្រ្តី២នាក់ ។

កម្មវិធីធ្វើឡើងក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផាន​ ប្រធានពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំង​មន្ត្រី​ជំនាញពាក់ព័ន្ធ ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ អ៊ុង​ ស៊ីផាន ប្រធានពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប២.៦៦០នាក់ /ស្រី មានចំនួន ១៥៧នាក់ ជនត្រូវចោទមានចំនួន ៣៤៤នាក់ ស្រី២៧នាក់  ជនជាប់ចោទមានចំនួន៦៤៥នាក់ ស្រី ៣៣នាក់ ពិរុទ្ធជនមានចំនួន១.៣៦៥នាក់ ស្រី ៦៧នាក់។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ ប្រពន្ធនាគារខេត្ត បានមានបន្តថា៖អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២៤ បានទទួលព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឪកាសពិធីបុណ្យផ្សរងៗក្នុងនោះមានបុណ្យលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៤មានចំនួន ១៨នាក់ / ស្រី៣នាក់ និងបន្ធូរបន្ថយទោស ៣ខែ មានចំនួន១៨នាក់ / ស្រី៣នាក់។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានចំនួន១៦នាក់ស្រី ១នាក់ បន្ធូរបន្ថយទោស៣ខែ។ បុណ្យវិសាខបូជា មានចំនួន១៦នាក់ស្រី ស្រី១នាក់ បន្ធូរបន្ថយទោស៣ខែ។ បុណ្យឯករាជ្យជាតិចំនួន៧នាក់ស្រី២នាក់  បន្ធូរបន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់។ ពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះប្រាក់ខែអកអំបុកចំនួន ៧នាក់ បន្ធូរ បន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់ និងក្នុងឱកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍៧មករា ឆ្នាំ២០២៥ ថើមឆ្នាំនេះ អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ ស្រី២នាក់។

នាឱកាសនោះដែរ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនិងលោក លី សុវណ្ណារិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំនិងអនុវត្តច្បប់របស់ប្រធានពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវាទ ដែលបានធ្វើការបានល្អ ខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ។ ក្នុងនោះដែរក៏បានអប់រំលើផ្លូវសីលធម៌ ច្បាប់ និងលើជំនាញវិជ្ជាជីវ:ដល់អ្នកឃុំដើម្បីអោយពួកមានជំនាញ ហើយបើនៅពេលណាពួកគេផុតការអនុវត្តទោស ហើយមានឥស្សរភាពឡើងវិញ ពួកគេអាចទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន។ ទន្ទឹមនោះក៏បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោសនាពេលនេះ។

លោក លី សុវណ្ណារិទ្ធ ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ​ ដើម្បីត្រៀមសមាហរណកម្មចូលទៅរួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕







Powered by Blogger.