ថ្ងៃ៧មករា ៧៩ ជាថ្ងៃប្រវត្តិសាស្រ្តនៃកំណេីតទី២ នៃជីវិតប្រជាជាតិកម្ពុជា

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ១០ កេីត ខែបុស្ស ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តក្រចេះ អបអរសាទរ ប្រារព្វពិធី ខួបអនុស្សាវារីយ៍លេីកទី ៤៦ នៃទិវាជ័យជម្នះ (៧ មករា ១៩៧៩- ៧មករា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ។  

អង្គពិធីនេះ បានធ្វេីឡេីងក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងារ រាជរដ្ឋាភិបាល ប្រចាំខេត្ត ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ រួមនិង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អភិបាលរង និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៧ លោក លោកស្រីប្រធាន អនុវប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំងយុវជន យុវនារី ស.ស.យ.ក ,យុវជន យុវនារីស្រឡាញ់សន្តិភាព និងប្រជាពលរដ្ឋ ជាង២.០០០ នាក់។  

នៅក្នុងឱកាសនេះ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត បានអាននៅខ្លឹមសារ ដ៍មានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមីទិញ រំលឹកខួបលេីកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា រួចមក ។  

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្រា្ត បានថ្លែងក្នុងពិធីនេះថា ថ្ងៃជ័យជម្នះ៧មករា គឺថ្ងៃវិសេសវិសាលក្រៃលែង ក្នុងការរំលឹក ឡេីងវិញពីការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា រួចផុតពីសោកនាដកម្ម និងការធ្វេីទារុណកម្ម កាប់សម្លាប់ដ៏សាហាវបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដោយក្រុមខ្មែរក្រហមគឺ (ប៉ុល ពត នេះឯង ) ។  

ឯកឧត្តមបន្តទៀតថា កម្ពុជាបានបិទនូវទំព័រ សករាជ ដ៍ខ្មៅងងឹតមិនអាចត្រឡប់មកវិញបានឡេីយ  ហេីយក៍បេីកចេញនូវទំព័រសករាជថ្មីមកវិញ គឺសករាជ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ ហេីយនិងវឌ្ឍនភាព សង្គម ជ័យជម្នៈ ៧ មករា បានវិវត្តទៅមុខឥតឈប់ឈរ ហេីយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាតំណាងដោយស្របច្បាប់តែមួយគត់ របស់ប្រជាជនកម្ពុជា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រេីន ឥតគណនា ។  ឯកឧត្តមបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជសមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន ហេីយជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម  ។ ឯកឧត្តមបន្ថែមថា សន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺជាបទពិសោធមួយ របស់ប្រទេសកម្ពុជា ធ្លាប់បានញំាញី ដោយសារសង្គ្រាម តែបច្ចុប្បន្នកម្ពុជាសម្រេចបាននូវផ្លាស់ប្តូរបានមុខមាត់ថ្មី ដោយក្តីមោទនៈ។ 

ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍បន្ថែមថា ប្រវត្តិសាស្រ្តនេះ ប្រជាជនកម្ពុជានឹងចងចាំថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វេីជាដេីមទុន ដេីម្បីរំដោះជាតិ និងប្រជាជន កម្ពុជាឱ្យរួចផុត របបពិឃាតខ្មែរក្រហម ហេីយបានរំលាយនូវអង្គការចាត់តាំងរបស់ខ្មែរក្រហម ទាំងស្រុង ទាំងផ្នែកយោធា ហេីយបានដាក់នូវនយោបាយ ឈ្នះ ឈ្នះ ពីសម្តេចតេជោ ហ៊ុន សែន ការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោ ហេីយយុត្តិធម៌ត្រូវបានផ្តល់ជូនដល់ជនរងគ្រោះ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈការបង្កេីតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅសាលាក្តីខ្មែរក្រហម។  

ឯកឧត្តមបន្តថា នៅពេលបច្ចុប្បន្ននេះ អ្នកបន្តវេន គឺដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រធានរបស់គណបក្សកម្ពុជា ហេីយជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលបាននិងកំពុងថែរក្សានូវសន្តិភាព ហេីយនិងបន្តការអភិវឌ្ឍលេីគ្រប់វិស័យប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវ និងភាពជឿជាក់ទុកចិត្ត ពីប្រជាពលរដ្ឋយេីងទូទាំងប្រទេស ៕

















Powered by Blogger.