អគាររួមនិងសមិទ្ធផលនានា នៃសាខាពន្ធដារខេត្តក្រចេះត្រូវបានសម្ពោធដាក់ឱ្យដំណេីរការជាផ្លូវការ
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ សមិទ្ធផលនានា នៃសាខាពន្ធដារ ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យដំណេីរការប្រេីប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ១៣ កេីត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោម អធិបតីភាព ឯកឧត្តម បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដា រួមនិង ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី។ ក្នុងពិធីនេះផងដែរ មានការអញ្ជេីញរួមពី ឯកឧត្តម លោកជំទាវ អមដំណេីរ និងលោក លោកស្រី ប្រធាន- អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត រួមនិងមន្រ្តីរាជការនៃសាខាពន្ធដារខេត្តជាច្រេីនរូប។
សូមបញ្ជាក់ជូនផងដែរ ចំពោះអគារនៃសាខាពន្ធដារខេត្តក្រចេះ នេះមានលក្ខណៈខ្ពស់ដ៏ស្កឹមស្កៃ ហេីយមាន ៦ជាន់ និងកម្ពស់៣១,១២ ម៉ែត្រ។ និងត្រូវបានធ្វេីការជួសជុលកែលម្អ និងបំពេញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ហេីយនិងចំណាយថវិការង្វាន់របស់អគ្គនាយកដ្ឋានពន្ធដារ។
លោក រស់ ប៉ុនណ្ណូរិទ្ធ ប្រធានសាខាពន្ធដារខេត្តក្រចេះ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣ ដោយមានតម្រូវការក្នុងការផ្តល់សេវាជូនអ្នកជាន់ពន្ធ ដែលបានកេីនឡេីងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងជាគោលដៅពង្រឹង ពង្រីកការផ្តល់សេវា ជូនអ្នកជាប់ពន្ធឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យធ្វេីការជួសជុលកែលម្អបន្ថែមផ្នែកខាងក្នុង និងខាងក្រៅអគារ ដេីម្បីឱ្យមានភាពល្អប្រសេីរ បន្ថែមទៀត ពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី៦ ហេីយត្រូវបានបំពាក់កាំមេរ៉ា សុវត្ថិភាពនៅជុំវិញអគារ និងបំពាក់បរិក្ខារទំនេីបៗ ទាន់សម័យ និងប្រព័ន្ធបច្ចេកព័ត៌មានទំនេីប ស្របតាមបទដ្ឋានបច្ចេកទេសដេីម្បីលេីកកម្ពស់គុណភាព និងប្រសិទ្ធភាព ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យកាន់ប្រសេីរប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានេះ លោក រស់ ប៉ុនណ្ណូរិទ្ធ បានជូននូវរបាយការណ៍ ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលផងដែរ ពីការអនុវត្តក្នុងការប្រមូលពន្ធ ក្នុងរយៈពេល៥ ឆ្នាំ ។
*ការគ្រប់គ្រងប្រមូលចំណូលពន្ធ តាមឆ្នាំនីមួយៗ ៖១- ឆ្នាំ ២០១៩ ប្រាក់ពន្ធ អនុវត្តបាន ១៤,៤២៥, ៦៦២ រៀល( ផែនការ ៩, ៦៩៤, ០០០រៀល)។ ២- ឆ្នាំ ២០២០ ប្រាក់ពន្ធ អនុវត្តបាន ១៥,៤៤០,៧៣៩ រៀល (ផែនការ ១១, ២២៨, ០០០រៀល។ ៣- ឆ្នាំ ២០២១ ប្រាក់ពន្ធអនុវត្តបាន ១៦ ,៧១៣ ,៩០៤ រៀល ( ផែនការ ៨, ៤៥១, ០០០រៀល)។ ៤- ឆ្នាំ ២០២២ ប្រាក់ពន្ធអនុវត្តបាន ១៦ , ៨៧៥, ៤៧៥ រៀល (ផែនការ ១៣ , ៨២៦,០០០រៀល )។ ៥- ឆ្នាំ ២០២៣ ប្រាក់ពន្ធអនុវត្តបាន ១៧, ២៥៤, ១៨៥រៀល (ផែនការ១៥ , ០៩៦,០០០រៀល)។ ចំពោះចំណូល ពន្ធប្រចាំ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រាក់ពន្ធអនុវត្តបាន ៤,០២៥ ,១៩០, ៩១៧រៀល ស្មេីនឹង២៤ % នៃផែនការប្រចាំខែ។
ឯកឧត្តម បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃបាយកដ្ឋានពន្ធដា មានប្រសាសន៍ផ្តាំផ្ញេី និងជម្រុញ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃសាខាពន្ធដាទាំងអស់ ក្នុងខេត្តក្រចេះ
១- ត្រូវខិតខំអនុវត្តអភិក្រមការងារ របស់ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី គង់ សំអុល អគ្គនាយកដ្ឋានពន្ធដា ត្រូវប្រកាន់យកនូវគោលជំហរ ពីថ្នាក់ដឹកនាំជាមូលដ្ឋានឱ្យបានខ្ចប់ខ្ជួន ស្តីពីការងារដឹកនាំ អភិបាលកិច្ច រដ្ឋបាលកិច្ច និងកិច្ចការគ្រប់គ្រង ។
២- បន្តអនុវត្តអភិក្រមរបស់ឯកឧត្តមព្រឹទ្ធាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុមាន៤ ចំណុច៖
១- ការងារប្រកបដោយវិជ្ជាជីវៈ, ២- ការអនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការប្រសិទ្ធភាព ថវិកា, ៣ . ការងារអនុវត្តជាក្រុម ,៤. ត្រូវចេះមេីលកំហុសខ្លួនឯង។ ពិសេសត្រូវអនុវត្តប្រកាន់ជាប់ នូវអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពីការកែទម្រង់ ណាមួយដែលងាយស្រួលនោះទេ ការកំណែទម្រង់ដោយជោគជ័យផ្អែកលេីកត្តាសំខាន់ៗ ចំនួន៤ គឺ -ត្រូវមានចក្ខុវិស័យច្បាស់លាស់- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់- ត្រូវមានការលះបង់ខ្ពស់ និងការចូលរួមដោយស្មោះត្រង់។ ជាងទៀត ត្រូវអនុវត្តអភិក្រមទាំង៥ ចំណុច របស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អញ្ជេីញចុះពិនិត្យ និងសំណេះសំណាលមន្រ្តីសាខាពន្ធដារនៅតាមជាន់នីមួយៗផងដែរ៕






















Post a Comment