ពូទីន ផ្តល់អំណោយសត្វជាច្រើន ដល់សួនសត្វកូរ៉េខាងជើង
ប្រភព៖ Reuters
មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីបានផ្ទេរសត្វជាង៧០ក្បាល ក្នុងនោះរួមទាំងសត្វតោអាហ្រ្វិកមួយក្បាល និងខ្លាឃ្មុំត្នោតពីរក្បាល ដល់សួនសត្វកណ្តាលនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
សត្វទាំងនោះត្រូវបានដឹកជញ្ជូនពីសួនសត្វមូស្គូ
ទៅកាន់កូរ៉េខាងជើងតាមយន្តហោះ
ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី លោក Alexander
Kozlov។
រដ្ឋាភិបាលរុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធសប្តាហ៍នេះថា «សត្វទាំងនោះជាអំណោយរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន
ដល់ប្រជាជនកូរ៉េខាងជើង»។
អំណោយនេះត្រូវបានចាត់ទុកថា
ជាសញ្ញានៃមិត្តភាពរវាងរុស្ស៊ីនិងកូរ៉េខាងជើង ដែលទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំឡើង
បន្ទាប់ពីលោក ពូទីន បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងកាលពីខែមិថុនា។
ក្នុងដំណើរទស្សនកិច្ចនោះ
មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិដ៏សំខាន់មួយ
និងបានផ្លាស់ប្តូរអំណោយផងដែរ។
ការផ្តល់អំណោយសត្វនេះ
ក៏បង្ហាញពីការបន្តពង្រឹងទំនាក់ទំនង រវាងរុស្ស៊ី និងកូរ៉េខាងជើង
ក្នុងបរិបទនយោបាយអន្តរជាតិដ៏ស្មុគស្មាញ ជាពិសេសក្នុងអំឡុងពេលដែលរុស្ស៊ីកំពុងរងទណ្ឌកម្មពីលោកខាងលិច
ដោយសារសង្រ្គាមនៅអ៊ុយក្រែន៕

Post a Comment